ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ ២០២៦

    «យើងអាចវាយតម្លៃប្រកបដោយការជឿជាក់ថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងមានការវិវឌ្ឍរីកចម្រើនល្អ និងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ, ហើយសម្រេចបាននូវអនុលោមភាពកាន់តែខ្ពស់ ឆ្លើយតបទៅតាមស្តង់ដាអន្តរជាតិ ដែលធានាបានកាន់តែប្រសើរនូវប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព និង គណនេយ្យភាព ក្នុងបរិបទកម្ពុជា, ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ និង លើសកលលោក។»
    
    នាព្រឹក ថ្ងៃអង្គារ ១៤ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅអគារអគ្គនាយកដ្ឋានពន្ធដារ (GDT Tower), ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»។
   
     កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) រួមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត, រដ្ឋបាលរាជធានី-ខេត្ត និងបណ្តាតំណាងដៃគូអភិវឌ្ឍ សរុបប្រមាណ ៥០០រូប។

ព័ត៌មានទាក់ទង